ចំណែក

​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម Real Madrid គឺ​កីឡាករ Eden Hazard នឹង​ពាក់​ឯកសណ្ឋាន​លេខ​៧ នៅ​ក្លឹប​ក្នុង​រដូវ​កាល​ថ្មី​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​អធិរាជ​ស Real Madrid​។​

​កីឡាករ​ល្បីៗ ដូចជា Alfredo Di Stefano, Raul Gonzalez, និង​កីឡាករ Cristiano Ronaldo ជាដើម សុទ្ធតែ​ពាក់អាវ​លេខ​៧​នេះ ក្នុង​កំឡុង​ការប្រកប​អាជីព​របស់​ពួកគេ នៅក្នុង​ក្រុម Real Madrid ហើយ​ពួកគេ​បាន​ក្លាយជា​កីឡាករ​ដែល​ដឹកនាំ​ក្រុម​ទាំងមូល​តែម្ដង​។​

​កាល​ប្រកួត​កម្ដៅ​សាច់ដុំ Hazard ត្រូវបាន​គេ​គិតថា នឹង​ពាក់​អាច​លេខ​២៣ សម្រាប់​រដូវ​កាល​ថ្មី​នេះ ដែល​លេខ​នេះ​ធ្លាប់​ពាក់​ដោយ​កីឡាករ David Beckham ដែលជា​អតីត​វិ​រៈ​បុរស​ក្រុម​បិសាច​ក្រហម Manchester United​។ ប៉ុន្តែ​កីឡាករ​ខ្សែការពារ Ferland Mendy ជា​អ្នក​ពាក់អាវ​លេខ​២៣​នេះ កាលពី​ការប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ថ្មី ហើយ Eden Hazard ពាក់អាវ​លេខ​៥០ វិញ​។​

​ក្រោយ​ការចាកចេញ​របស់ Cristiano Ronaldo អាវ​លេខ​៧ ដ៏​ល្បីល្បាញ​នេះ ត្រូវបាន​ផ្ដល់​ទៅ​ឲ្យ Mariano ប៉ុន្តែ​គេ​ធ្វើ​មិន​បានល្អ​នោះទេ ដោយ​រដូវ​កាល​មុន គេ​ស៊ុត​បញ្ចូល​ទី​តែ​៤​គ្រាប់​ប៉ុណ្ណោះ ក្នុងការ​បង្ហាញខ្លួន​១៩​ប្រកួត​។​

Eden Hazard មិនដែល​ពាក់អាវ​លេខ​៧​ឡើយ​ពីមុនមក ពោលគឺ​គេ​ពាក់អាវ​លេខ​៣៣​នៅ​ក្រុម Lille បន្ទាប់មក​ពាក់អាវ​លេខ​១៧ ហើយ​ក្រោយមក​ពាក់អាវ​លេខ​១០ រហូតដល់​ថ្ងៃ​ផ្ទេរ​ទៅ Real Madrid​។ ពេលនេះ Real កែប្រែ​ច្រើន​ហើយ ក្លឹប​ចង់​ឲ្យ​អ្នក​ពាក់អាវ​លេខ​៧ ជា​អ្នក​ដែល​ស៊ុត​បញ្ចូល​ទី​ប្រចាំ​ក្លឹប ដើម្បី​ស្នង​ពី Ronaldo​។ ដូច្នេះ Hazard គឺជា​កីឡាករ​ដែល​ស័ក្ដិសម​បំផុត​ក្នុង​ពេលនេះ​៕

​ប្រភព​៖ sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here